ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោកគ្រូ អ្នកគ្រូស័្មគ្រចិត្ត ប្អូនៗ សិស្សនិទ្ទេសA ដែលបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនេះ។ ឯកឧត្តមបានមានប្រសាសន៍ថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ក្នុងនាមជាមន្ត្រីរាជការស៊ីវិល ដែលបានខិតខំប្រឹងប្រែង និងលះបង់ពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួន ជាពិសេសអំឡុងពេលឈប់សម្រាក ដើម្បីបង្រៀនប្អូនៗបន្ថែម និងអបអរសាទរចំពោះប្អូនៗដែលទើបបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និងទទួលបាននិទ្ទេសAទាំង១៧នាក់ ក្នុងខេត្តកំពង់ស្ពឺ។ ឯកឧត្តម បានបន្ថែមទៀតថា ការរៀបចំឱ្យមានវគ្គបំប៉នគឺជាកត្តាគួបផ្សំមួយផ្នែកដែលលោកគ្រូ អ្នកគ្រូបានបង្ហាត់បង្រៀនជាប្រចាំមកហើយ និងគួបផ្សំជាមួយការខិតខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនៗផ្ទាល់ ទើបទទួលបានលទ្ធផលល្អដូចពេលនេះ ហើយជោគជ័យរបស់ប្អូនៗ គឺជាជោគជ័យរួមរបស់ខេត្តកំពង់ស្ពឺទាំងមូល មិនមែនត្រឹមតែលើកកិត្តិយសមុខមាត់សាលារៀន លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងខ្លួនឯងផ្ទាល់ប៉ុណ្ណោះទេ។
ជាមួយនឹងការអបអរសាទរចំពោះប្អូនៗដែលទើបបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកទឹកចិត្តដល់ប្អូនៗដែលមិនបានទទួលលទ្ធផលល្អក្នុងការប្រឡង ឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីទទួលបានជោគជ័យ និងលទ្ធផលល្អនាពេលអនាគតផងដែរ៕
Tags:
ព័ត៌មានជាតិ









