ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងសាទរចំពោះលទ្ធផលការងារ និងសកម្មភាពការងាររបស់ក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជា ក្នុងអាណត្តិទី៥ កន្លងមក ដែលបានចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងឥរិយាបថ ដែលជាតម្រូវការ និងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងសង្គមជាតិទាំងមូល។ ការអប់រំឧត្តមសិក្សាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដើម្បីបំពេញសេចក្តីត្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ភាពប្រកួតប្រជែង លើឆាកអន្តរជាតិ។
នៅក្នុងអាណត្តិ ២០២៤-២០២៨ ក្រសួងបានចាត់ទុកឧត្តមសិក្សាជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង ៨ ដោយផ្តោតលើការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា ហើយកំណែទម្រង់នៅឧត្តមសិក្សា នឹងធានាបាននូវការបណ្តុះធនធានមនុស្សសម្រាប់បម្រើដល់ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងនោះ៖
១) គ្រឹះស្ថានឧត្តមសិក្សាត្រូវផ្ដោតលើការពង្រឹងអភិបាលកិច្ច ការលើកកម្ពស់គុណវុឌ្ឍិសាស្ត្រាចារ្យ ឱ្យមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត
២) កសាងផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងការជំរុញការសិក្សាការបណ្តុះបណ្តាល និងកសាងជំនាញផ្នែកឌីជីថលនៅថ្នាក់ឧត្តមសិក្សា និងនៅគ្រប់កម្រិតបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ព្រមទាំងជំរុញការកែលម្អកម្មវិធីសិក្សា ដើម្បីបន្ស៊ីគ្នារវាងតម្រូវការជំនាញ និងការបណ្តុះបណ្តាល
៣) រៀបចំ និងអនុវត្តកម្មវិធី និង/ឬ គំនិតផ្តួចផ្តើមថ្នាក់ជាតិ ក្នុងការអភិវឌ្ឍ និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានទេពកោសល្យឌីជីថល រួមមានជាអាទិ៍ ការបង្កើតមូលនិធិថ្នាក់ជាតិ សម្រាប់ផ្តល់អាហារូបករណ៍លើផ្នែកបច្ចេកវិទ្យាឌីជីថល ទាំងក្នុង និងក្រៅប្រទេស
៤) រៀបចំ និងធ្វើបច្ចុប្បន្នភាពជាទៀងទាត់នូវទេពកោសល្យជំនាញ និងការបណ្ដុះគំនិតថ្មី ដោយផ្អែក លើតម្រូវការជំនាញថ្មី (New skills Requirement)
៥) ជំរុញសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រមទាំងនវានុវត្តន៍ផ្នែកឌីជីថល នៅតាម បណ្តាសាកលវិទ្យាល័យ គ្រឹះស្ថានបណ្ដុះបណ្តាលបបច្ចេកទេសនិងវិជ្ជាជីវៈ វិទ្យាស្ថាននិងមជ្ឈមណ្ឌលស្រាវជ្រាវនានា តាមរយៈការចងក្រងជាប្រព័ន្ធនូវបណ្តាស្ថាប័ន-គ្រឹះស្ថានស្រាវជ្រាវ
៦) កសាងក្របខណ្ឌភាពជាដៃគូជាមួយនឹងវិស័យឯកជនក្នុងការជំរុញ និងការអភិវឌ្ឍការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ និងនវានុវត្តន៍ រួមមានជាអាទិ៍ ការរៀបចំឱ្យមានមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល ដើម្បីជំរុញការផ្លាស់ប្តូរទិន្នន័យ ព័ត៌មាននិងចំណេះដឹង គួបផ្សំនឹងការរៀបចំ មូលនិធិថវិកាគាំទ្រ តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។
ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានលើកឡើងពីយុទ្ធសាស្ត្រកំណែទម្រង់ការអប់រំឧត្តមសិក្សាឆ្ពោះទៅរកឧត្តមភាព (សាកលវិទ្យាល័យគំរូ) ដែលរួមមាន ៖ (១). ការកសាងហេដ្ឋារចនាសម្ព័ន្ធសាកលវិទ្យាល័យគំរូ (២). ការផ្តោតលើការបង្កើនចំនួននិស្សិតចូលរៀន និងបរិយាបន្ន (៣). ការធ្វើទំនើបកម្ម និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីសិក្សា (៤). ការផ្តោតលើការពង្រឹងអន្តរភាវូបនីយកម្មនៃការអប់រំឧត្តមសិក្សា (៥). ការផ្តោតលើការពង្រឹងប្រសិទ្ធភាពនៃការបង្រៀន និងរៀន (៦). ការពង្រឹងប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវនៅឧត្តមសិក្សា (៧). ការកសាងសមត្ថភាពស្ថាប័ន និងអភិបាលកិច្ចល្អ៕