សម្តេចតេជោ បានថ្លែងនូវការចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុនចំពោះគ្រោះ មហន្តរាយរញ្ជួយដីថ្មីៗនេះនៅប្រទេសជប៉ុន និងឧបទ្ទវហេតុនៃការប៉ះទង្គិចយន្តហោះ ដែលបានបណ្តាលឱ្យមានការបាត់បង់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើន។ សម្តេចតេជោក៏បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ដែលបានជួយយកចិត្តទុកដាក់ដល់ សុខទុក្ខនិងសុវត្ថិភាពរបស់និស្សិត កម្មសិក្សាការី និងពលករកម្ពុជា ដែលកំពុងសិក្សា និងធ្វើការនៅតំបន់រងគ្រោះដោយសារការរញ្ជួយផែនដីផងដែរ។
ឯកឧត្តម កូមួរ៉ា ម៉ាសាហ៊ិកូ បានគោរពថ្លែងអំណរគុណ សម្តេចតេជោ ដែលបានឆ្លៀតពេលមមាញឹកទទួលជួប ឯកឧត្តម និងមានក្តីរំភើបរីករាយដោយមានឱកាសរំលឹកដល់អនុស្សាវរីយល្អៗកាលពីអតីតកាលក្នុងនាមមិត្តភក្តិចាស់ ជាពិសេសក្នុងដំណាក់កាលចរចាស្វែងរកសន្តិភាព ការចូលរួមចំណែករបស់ជប៉ុនក្នុងការបង្កើតឧត្តមក្រុមប្រឹក្សាជាតិ (SNC) និងដំណើរការស្តារប្រទេសកម្ពុជាឡើងវិញបន្ទាប់ពីសង្រ្គាមស៊ីវិលជាដើម។ ក្នុងនោះ ឯកឧត្តមបានសំដែងនូវការកោតសរសើរចំពោះតួនាទីស្នូលរបស់សម្តេចតេជោ ក្នុងការសម្រេចបាននូវសន្តិភាពពេញលេញក្នុងដំណាក់កាលបន្តបន្ទាប់ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាយ៉ាងឆាប់រហ័ស ព្រមទាំងការការពង្រឹងនិងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន មកទល់សព្វថ្ងៃនេះ។ទន្ទឹមនេះ ឯកឧត្តមបានបង្ហាញនូវជំនឿទុកចិត្តលើរាជរដ្ឋាភិបាលថ្មី ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំប្រកបដោយភាពជឿជាក់ ក្នុងការបន្តថែរក្សាសមិទ្ធផលដែលមានស្រាប់ និងមានចក្ខុវិស័យវែងឆ្ងាយក្នុងការបន្តដឹកនាំប្រទេសកាន់តែរីកចម្រើនថែមទៀត ព្រមទាំងបន្តពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី កម្ពុជា-ជប៉ុនឱ្យកាន់តែស៊ីជម្រៅ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។
នៅចុងបញ្ចប់ សម្តេចតេជោ និងឯកឧត្តមអតីតរដ្ឋមន្ត្រីការបរទេស ក៏បានយកឱកាសនេះពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាជុំវិញបញ្ហាភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ ដែលក្នុងនោះមានទាំងស្ថានការណ៍នៅមីយ៉ាន់ម៉ាផងដែរ។៕





