យោងតាមរបាយការណ៍បានអោយដឹងថា នេះគឺជាទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តីនណាម (កម្ពុជា-វៀតណាម) ដែលដំបូងឡើយ ទីតាំងនេះជាច្រករបៀងដែលប្រជាជនរស់នៅទាំងសងខាងតែងតែដោះដូរទំនិញ និងកសិផលទៅវិញទៅមក។ក្នុងអំឡុងឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតជាច្រកទ្វារតំបន់ព្រំដែនម៉ឺនជ័យនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងកម្រិតច្រកទ្វារតំបន់ ព្រំដែនម៉ឺនជ័យ ទៅជា “ច្រកទ្វារព្រំដែនអន្តរជាតិម៉ឹនជ័យ” តាមលិខិតលេខ ៦៣៥ ស.ជ.ណ របស់ ទីស្តីការគណៈរដ្ឋមន្ត្រី។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះអាជ្ញាធរដែលបានខិតខំកសាងច្រកអន្តរជាតិនេះឡើង ហើយតាមរយៈច្រកអន្តរជាតិម៉ឺនជ័យនេះ និងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះដូរទំនិញរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសផលិតកសិផល កសិកម្មរបស់ប្រជាពលរដ្ឋដែលស្ថិតនៅជាប់ព្រំដែននៃប្រទេសទាំងពីរ។ សម្ដេចតេជោក៏បានជំរុញឱ្យអាជ្ញាធរខិតខំ ប្រែក្លាយតំបន់ព្រំដែននេះឲ្យក្លាយទៅជាព្រំដែន សុខសន្តិភាព ជាព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ និងជាព្រំដែនដែលមានការអភិវឌ្ឍន៍រីកចម្រើន សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

អគារបំពេញបែបបទចេញ-ចូលបណ្តោះអាសន្នចំនួន០១ខ្នង ទំហំ៤៥x៧,៣ម៉ែត្រ ស្មើរនឹង០៦បន្ទប់ សាងសង់ក្នុងឆ្នាំ២០១៩។ ខ្លោងទ្វាររូបប្រាសាទអង្គរវត្តចំនួន០១ ប្រវែង២២,៤ម៉ែត្រ កម្ពស់១៧ម៉ែត្រ សាងសង់ក្នុងឆ្នាំ២០២០។ អគារបំពេញបែបបទចេញ-ចូលជាសំណង់រឹងមាំ ចំនួន០២ខ្នង ដោយមួយខ្នងមានទំហំ៤៤x១៥ម៉ែត្រ ស្មើរនឹង ១៤បន្ទប់ សាងសង់នៅឆ្នាំ២០២០៕