លោកជំទាវ ទេស ផល្លីន អគ្គនាយិកា នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន បានជម្រាបជូនថា វគ្គបណ្តុះបណ្តាលនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងកិច្ចការងាររដ្ឋបាល ជាពិសេសតម្រង់ទិសជូនដល់មន្ត្រីរាជការឱ្យអនុវត្តការងារស្របតាមនីតិវិធីរដ្ឋបាល និងមានស្តង់ដារួមតែមួយ។ លោកជំទាវ អគ្គនាយិកា បានគូសបញ្ជាក់ថា កន្លងមកការអនុវត្តការងារ អង្គភាពមួយចំនួនអនុវត្តស្របតាមនីតិវិធីរដ្ឋបាល ប៉ុន្តែមានរបៀបរបបឬលំនាំនៃការអនុវត្តផ្សេងគ្នា រីឯអង្គភាពមួយចំនួនទៀតអនុវត្តពុំទាន់ត្រឹមត្រូវតាមនីតិវិធី ជារួមគឺអនុវត្តការងារដោយ ឈរលើមូលដ្ឋានផ្សេងៗគ្នាតាមចំណេះ និងបទពិសោធន៍ដែលធ្លាប់អនុវត្តកន្លងមក។ ក្នុងន័យនេះ ដើម្បីធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព និងសង្គតិភាពការងារ ជាពិសេសធានាឱ្យបានថាមន្ត្រីរាជការគ្រប់រូបយល់ដឹងច្បាស់ពីនីតិវិធីនៃការគ្រប់គ្រងនិងចរន្តឯកសារ របៀបរបបនៃការតាក់តែងខ្លឹមសារលិខិតរដ្ឋបាល និងចៀសវាងការអនុវត្តការងារត្រួតឬជាន់ដែនសមត្ថកិច្ចគ្នា គឺតម្រូវឱ្យមន្ត្រីរាជការ និងជំនួយការថ្នាក់ដឹកនាំពង្រឹងសមត្ថភាពនិងការយល់ដឹងបន្ថែមលើមូលដ្ឋាននៃការអនុវត្តការងារឱ្យបានត្រឹមត្រូវតាម នីតិវិធី និងការណែនាំដូចមានចែងក្នុងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន។ ទន្ទឹមនឹងនេះ វគ្គបណ្តុះបណ្តាលនេះ ក៏មានការបញ្ជ្រាបចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងការគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងនីតិវិធីនៃការរៀបចំបេសកកម្មជូនដល់សិក្ខាកាមបានជ្រួតជ្រាប និងជាមូលដ្ឋានក្នុងការអនុវត្តឱ្យបានត្រឹមត្រូវ។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ដោយមានសិក្ខាកាមចូលរួម ចាប់ពីមន្ត្រីរហូតដល់អនុប្រធាននាយកដ្ឋានដែលទទួលបន្ទុកការងាររដ្ឋបាល មកពីការិយាល័យ ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានទាំង៥ និងអង្គភាពនានាចំណុះក្រសួង សរុបចំនួន ១១៦នាក់ ។ ទន្ទឹមនឹងនេះ នៅក្នុងវគ្គបណ្តុះបណ្តាលបានរៀបចំមុខវិជ្ជា ចំនួន ៥មុខវិជ្ជា ស្មើនឹង ៣០ម៉ោង និងមានវាគ្មិនចំនួន ៧រូប ដែលជាគ្រូឧទ្ទេស និងគ្រូជំនួយ ដែលមានជំនាញមួយចំនួនទៀត៕ ដោយ៖ ទទក