វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ មានរយៈពេល ២ថ្ងៃ ដោយមានការចូលរួមពីសិក្ខាកាមសរុបចំនួន ១១២នាក់ ដែលជាមន្ត្រីរាជការមកពីបណ្តាអគ្គនាយកដ្ឋាននានា ចំណុះឱ្យក្រសួងព័ត៌មាន និងមន្ត្រីតំណាងមកពីមន្ទីរព័ត៌មានរាជធានី-ខេត្ត ទាំង២៥ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងលោកគ្រូឧទ្ទេសនាមផងដែរ។
ថ្លែងនៅក្នុងឱកាសនោះ លោកគ្រូឧទ្ទេសនាម និងថ្នាក់ដឹកនាំជំនាញ បានឡើងធ្វើរបាយការណ៍បូកសរុបលទ្ធផល ដោយបានគូសបញ្ជាក់ថា រយៈពេល២ថ្ងៃនេះ សិក្ខាកាមទាំងអស់បានខិតខំក្រេបជញ្ជក់ចំណេះដឹងទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ទាក់ទងនឹងបច្ចេកវិទ្យាគ្រប់គ្រងគេហទំព័រ ការរៀបចំទិន្នន័យ ព្រមទាំងវិធានការការពារ សុវត្ថិភាពប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីទប់ស្កាត់ការវាយប្រហារផ្សេងៗពីជនអនាមិក។
មានប្រសាសន៍សំណេះសំណាល និងណែនាំនៅក្នុងពិធីនោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងនូវការកោតសរសើរចំពោះគណៈគ្រប់គ្រងមណ្ឌល លោកគ្រូឧទ្ទេស និងសិក្ខាកាមទាំងអស់ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាលនេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នៅក្នុងយុគសម័យឌីជីថល គេហទំព័រផ្លូវការរបស់ក្រសួង និងមន្ទីរព័ត៌មានរាជធានី-ខេត្ត គឺជាកញ្ចក់ឆ្លុះ និងជាប្រភពព័ត៌មានផ្លូវការដ៏សំខាន់បំផុតក្នុងការផ្សព្វផ្សាយព័ត៌មានពិត ជូនដល់ប្រជាពលរដ្ឋ និងឆ្លើយតបបានទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តណែនាំដល់សិក្ខាកាមទាំងអស់ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ត្រូវយកចំណេះដឹងដែលទទួលបានទៅអនុវត្តផ្ទាល់នៅតាមអង្គភាពរៀងៗខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ត្រូវបន្តធ្វើបច្ចុប្បន្នភាពព័ត៌មានឱ្យបានរហ័ស ទាក់ទាញ និងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារ សុវត្ថិភាពគេហទំព័រ ដើម្បីធានាបាននូវនិរន្តរភាពការងារ និងទំនុកចិត្តពីសាធារណជន។
នៅចុងបញ្ចប់នៃពិធី ឯកឧត្តម នេត្រ ភក្ត្រា ក៏បានអញ្ជើញផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនដល់តំណាងសិក្ខាកាម និងបានថតរូបអនុស្សាវរីយ៍រួមគ្នា ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង៕












