គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

ឯកអគ្គរដ្ឋទូតតួកគីយ៉េថ្មី ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា ឱ្យកាន់តែស៊ីជម្រៅ


នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Mesut Özcan ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីយ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូតតួកគីយ៉េបានសម្ដែងនូវមោទនភាព ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក៏ល្អរវាងប្រទេសទាំងពីរ នាពេលកន្លងមក ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្ដល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងតួកគីយ៉េ និង​ កម្ពុជា។ 

ក្នុងន័យនេះ ឯកឧត្តមបានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការបន្តជំរុញ, ពង្រឹង និងពង្រីក​ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើន,​ ស៊ីជម្រៅ​ និង​ ទូលំទូលាយ បន្ថែមទៀតលើវិស័យជាច្រើន ក្នុងអាណត្តិការទូតរបស់ឯកឧត្តមនៅកម្ពុជា។ 

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តម​ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតួកគីយ៉េថ្មីប្រចាំកម្ពុជា និង​ បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាភាពជាដៃគូរកម្ពុជា-តួកគីយ៉េ។ 

សម្ដេចធិបតីមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមអាណត្តិការទូតរបស់ឯកឧត្តម ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំ ស៊ីជម្រៅ និងរីកចម្រើនបន្ថែមទៀត។ 

សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូតតួកគីយ៉េ ក៏បានពិភាក្សាគ្នាក្នុងការបន្តពង្រឹង និង​ ពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគី​ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតលើវិស័យសំខាន់ រួមមាន៖ សេដ្ឋកិច្ច វិនិយោគ​ និង​ ពាណិជ្ជកម្ម, សន្តិសុខ និងការពារជាតិ,​ អប់រំ​,​ ទេសចរណ៍​ និង​បរិស្ថាន​ ជាដើម។ 

មុននឹងបញ្ចប់ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត បន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ និង​ ស៊ីជម្រៅបន្ថែមទៀត៕






Post a Comment

Previous Post Next Post