ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីភាពបើកជាផ្លូវការព្រឹត្តិការណ៍ពិព័រណ៍លក់សៀវភៅ «Big Bad Wolf Books Cambodia» លើកទី៤។ ពិធីនេះបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី Nur Herzazzila ទីប្រឹក្សា និងជាអនុប្រធានបេសកកម្មនៃស្ថានឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា, ឧកញ៉ា អ៊ុក ចន្ថា ដៃគូសហការនៃក្រុមហ៊ុន Big Bad Wolf Books, លោកស្រី Jacqueline Ng សហស្ថាបនិករបស់ Big Bad Wolf Books។
ពិព័រណ៍សៀវភៅ «Big Bad Wolf Books Cambodia» គឺធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ដោយចាប់ផ្តើមបើកពី ម៉ោង១០:០០នាទីព្រឹក ដល់ម៉ោង ១២:០០នាទីយប់ នៅសាលបុរីរុងរឿង ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការដាក់លកសៀវភៅជាង ១លានក្បាល ច្រើនជាង ២មុឺនចំណងជើង៕