(បន្ទាយមានជ័យ)៖ កម្លាំងជំនាញនៃមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានសម្រេចឃាត់ខ្លួនម្ចាស់ហាង «កាកាសាឡន» ម្នាក់ បន្ទាប់ពីមានសកម្មភាពប្រើអំពើហិង្សា និងចាប់បង្ខាំងស្រ្តីមេម៉ាយវ័យចំណាស់ម្នាក់ដែលជាអ្នកបម្រើការក្នុងផ្ទះរបស់ខ្លួន។ ការចាប់ខ្លួននេះធ្វើឡើងក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ដែលបានរត់គេចខ្លួនពីការធ្វើទារុណកម្ម។
ជនរងគ្រោះឈ្មោះ អ៊ុត ខុន អាយុ ៥៩ឆ្នាំ ជាស្ត្រីមេម៉ាយគ្មានទីលំនៅច្បាស់លាស់ បានស្នាក់នៅ និងបម្រើការងារឱ្យជនសង្ស័យឈ្មោះ គុំ លីកា ហៅ កាកា អាយុ ៣០ឆ្នាំ រយៈពេលជាង ៣ឆ្នាំមកហើយ។
តាមការស៊ើបអង្កេតរបស់លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា មូលហេតុនៃអំពើហិង្សានេះ កើតឡើងក្រោយពេលជនរងគ្រោះបានឃើញទូរសព្ទចំនួន ៣គ្រឿង ដែលជាឧបករណ៍សង្ស័យពាក់ព័ន្ធនឹងបទល្មើសអនឡាញ (Online Scams) របស់សង្សារជនសង្ស័យជនជាតិចិន ធ្លាក់ចេញពីកាបូប ក៏បានយកទៅលក់បានប្រាក់ចំនួន ២០០,០០០រៀល។
នៅពេលដឹងរឿងនេះ ជនសង្ស័យឈ្មោះ គុំ លីកា បានផ្ទុះកំហឹងយ៉ាងខ្លាំង ដោយប្រើកំណាត់ឈើវាយដំជនរងគ្រោះរហូតមានរបួសហូរឈាមពេញខ្លួន ព្រមទាំងយកកាំបិតប៉័ងតោមកគំរាមកាត់ម្រាមដៃ និងម្រាមជើង ហើយចាប់បង្ខាំងមិនឱ្យចេញពីផ្ទះឡើយ។
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ជនរងគ្រោះបានសម្រេចចិត្តប្រថុយជីវិតឡើងតាមដំបូលផ្ទះ និងសម្រូតខ្លួនតាមចម្រឹងដែក ដើម្បីរត់គេចមកផ្ទះប្អូនស្រី និងដាក់ពាក្យបណ្តឹង។
ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតបានបើកការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចហាង «កាកាសាឡន» ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ព្រមទាំងដកហូតបានកាំបិតប៉័ងតោ ១ដើមជាវត្ថុតាង។
ក្នុងអំឡុងពេលសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សាទៅលើជនរងគ្រោះពិតមែន ដោយសារខឹងរឿងយកទូរសព្ទទៅលក់។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដោយមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
ការឃាត់ខ្លួននេះ ស្ថិតក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
Tags:
សន្តិសុខសង្គម



