ខណ្ឌមានជ័យ÷ នៅព្រឹកថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ លោកសេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមជាអធិបតីពិធីបើកការដ្ឋាន គម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០២៦ ដាក់លូមូលរំដោះទឹកថ្មីប្រវែង ៧៥២ម៉ែត្រ មុខកាត់ ០,៨០ម៉ែត្រ និងជួសជុលផ្លូវបេតុងប្រវែង ៦៣៧ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅក្នុងភូមិទ្រា៤ ភូមិឬស្សី២ និងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ លោកអភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យ បញ្ឈប់ការចោលសំរាម ឬកាកសំណល់ផ្សេងៗចូលក្នុងលូ និងប្រឡាយទឹក ព្រោះជាមូលហេតុដែលបង្កឱ្យស្ទះប្រព័ន្ធរំដោះទឹក និងបណ្តាលឱ្យកើតមានការជន់លិចនៅពេលមានភ្លៀងធ្លាក់ខ្លាំង។
ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធី បានសម្តែងការសាទរសប្បាយរីករាយគាំទ្រ និងស្វាគមន៍ ចំពោះសមិទ្ធផលថ្មី ដោយរំពឹងថា ក្រោយពេលការងារដាក់លូរួចរាល់ នឹងអាចដោះស្រាយបញ្ហាទឹកលិចបានល្អប្រសើរជាងមុន មិនមានការភ័យខ្លាច បន្ទាប់ពីភ្លៀងរួចត្រូវបានទឹកលិចចូលដល់ផ្ទះសំបែងរបស់ពួកគាត់ និងធ្វើឱ្យការរស់នៅរបស់ពួកគាត់ កាន់តែងាយស្រួល មានបរិស្ថានស្អាត សុខភាពល្អ និងសុវត្ថិភាព ៕
Tags:
សន្តិសុខសង្គម









