ភ្នំពេញ៖ ឆ្នាំ២០២៣នេះ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០ បានលើកយកប្រធានបទ «ក្រមសីលធម៌ និង វិជ្ជាជីវៈសារព័ត៌មាន» មកពិភាក្សាម្តងទៀត ក្នុងពេលដែលអ្នកសារព័ត៌មានមួយចំនួននៅតែគេសង្កេតឃើញថា មិនទាន់អនុវត្តបាននូវក្រមសីលធម៌ វិជ្ជាជីវៈ ដែលជាខែលការពារខ្លួនសម្រាប់អ្នកសារព័ត៌មានបាននៅទ្បើយ។
អ្នកដឹកនាំសារព័ត៌មានមកពីស្ថាប័នផ្សេងៗគ្នាចំនួន៧០នាក់បានអញ្ជើញចូលរួមក្នុងវេទិកាពិភាក្សានេះ ហើយគេរំពឹងថា កិច្ចពិភាក្សានេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកសារព័ត៌មានដែលកំពុងប្រកបអាជីពជាអ្នកសារព័ត៌មាននៅកម្ពុជា។
សូមជម្រាបថា ក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំវេទិកានិពន្ធនាយកកម្ពុជាលើកទី២០ លើប្រធានបទ «ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន» នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ដោយមានការចូលរួមពីអ្នកសារព័ត៌មានចំនួន១១០នាក់ មកពី៧០ស្ថាប័នផ្សេងៗគ្នា។
វេទិកានោះនឹងបើកឱកាសដល់អ្នកសារព័ត៌មានបានជជែកពិភាក្សាលើសេចក្តីថ្លែងការណ៍រួមចំនួន៩ចំណុច ដែលមានសារប្រយោជន៍ដល់ការប្រតិបត្តិការងារប្រចាំថ្ងៃរបស់អ្នកសារព័ត៌មាន៕
Tags:
ព័ត៌មានជាតិ



